លោកបណ្ឌិតមីសែលត្រាណេ បានបន្តថា : របបគ្រប់គ្រងស្រុកភូមិបែបរាជាធិបតេយ្យថ្មីនេះ ដែលមានអំណាចកណ្តាលជាស្នូល ដោយមានអក្សរសំស្ក្រឹតជាយាន ដើម្បីផ្សព្វផ្សាយនូវបទបញ្ជា ក្រឹត្យក្រម និងមនោគមន៍វិជ្ជា ព្រហ្មញ្ញសាសនា និងព្រះពុទ្ធ សាសនា បាននាំមកនូវភាពរឹងប៉ឹងនៃសហគមន៍កសិករខ្មែរដើមនានាដែលរស់តាមវាលទំនាប តំបន់ឆ្នេរសមុទ្រ និងខ្ពង់រាប ។ នេះជាការលេចធ្លោរឡើងនៃរដ្ឋខ្មែរដំបូង បង្អស់នាដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ។ ព្រះរាជាណាចក្រដ៏ធំនេះ ជាលទ្ធផលនៃការផ្សំផ្គុំនូវសហគមន៍កុលសម្ព័ន្ធតូចធំមន-ខ្មែរជាច្រើនជុំវិញព្រះមហាក្សត្រតំណាងនូវអំណាចកណ្តាល ។ រដ្ឋខ្មែរដំបូងនេះមានឈ្មោះ ថា នគរភ្នំ ហៅថា ហ្វូណន (តាមភាសាចិន) ដោយមានរដ្ឋចេនឡាជាចំណុចដ៏ធំជាងគេក្នុងចំណោមរដ្ឋតូចដទៃទៀត ។
ក៏ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ឯកភាពពេញលេញក៏ពុំទាន់កើតឡើងភ្លាមៗដែរ ដោយ ហេតុថា វិវាទរវាងរដ្ឋតូចធំដែលមានលក្ខណៈជាកុលសម្ព័ន្ធ នៅមានជាអចិន្ត្រៃយ៍នៅឡើយ។ លោកបណ្ឌិតមីសែលត្រាណេបានបញ្ជាក់ថា : តាមពិតយើងត្រូវរង់ចាំដល់រជ្ជកាលនៃព្រះបាទជយវរ្ម័នទី ២ ពោលគឺនៅដើមសតវត្សរ៍ទី ៩ នៃគ្រិស្តសករាជទើបសម្រេចនូវឯកភាពជាតិដែលជាវត្ថុបំណងរបស់ អ្នកដឹកនាំខ្មែរគ្រប់យុគសម័យ ។ ក្នុងករណីនេះហើយបានជាចម្បាំងទាស់ទែងនឹងអំណាចកណ្តាលកើតមានឡើង មិនចេះចប់មិនចេះហើយ ដើម្បីស្វ័យភាពរបស់រដ្ឋទាំងនោះ ។ អ្វីៗទាំងអស់នេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញនូវសារជាតិពិតនៃប្រព័ន្ធ នយោបាយរបស់អតីតព្រះរាជាណាចក្រខ្មែរ ដែលជាក្សត្ររដ្ឋផងដែរ ។
លោកបណ្ឌិតក៏បានបញ្ជាក់បន្ថែមផងដែរថា : ព្រឹត្តិការណ៍នយោបាយ និងវប្បធម៌ដ៏សំខាន់លើកនេះបានរុញច្រានសង្គមខ្មែរ ឱ្យមានការវិវត្តន៍ទាំងខាងទំនៀមទម្លាប់ប្រពៃ ណីទាំងខាងនិន្នាការជំនឿ ក្នុងវិស័យមនោគមន៍វិជ្ជាសាសនាខ្មែរ ទាំងខាងនយោ បាយរៀបចំដែនដីនាសម័យមុនអង្គរដែរ ។
យោងទៅលើមូលដ្ឋានជាក់ស្តែងនេះ ដោយពឹងផ្អែកទៅលើការស្រាវជ្រាវផ្នែកចារឹកសាស្ត្រ យើងអាចដឹងថាមានការសាងសង់ពីសំណាក់អ្នកដឹកនាំខ្មែរនូវផ្លូវគមនាគមន៍ ព្រះដិមា ដូចជាព្រះទេវរូប ពុទ្ធរូប ព្រមទាំងបូជនីយដ្ឋានទូទាំងប្រទេស ។ ទន្ទឹមនេះដែរ ដើម្បីដំណើរការទីតាំងពិសិដ្ឋទាំងនោះ គេបានសាងផ្លូវ ជីកព្រែក ស្រះទឹក រយ៉ាល ឬ បារាយណ៍ជាដើម ។ ក្នុងកិច្ចការសង្គមសាសនានេះ គេឃើញមានការធ្វើអំណោយនូវដីធ្លី និងខ្ញុំកំដរផងដែរ ប្រយោជន៍នឹងអភិវឌ្ឍន៍តំបន់ទាំងនោះ ដោយព្រះមហាក្សត្រខ្មែរ ។ សមិទ្ធិទាំងនេះស្ថិតក្នុងបន្ទាត់នយោបាយរដ្ឋដើម្បីបង្រួបបង្រួម និងអភិវឌ្ឍន៍ ប្រទេសជាតិ ។
ដូចនេះស្ថិតនៅក្រោមឥទ្ធិពលនៃសាសនាឥណ្ឌាទីក្រុង ឬ រដ្ឋតូចធំទាំងនោះបន្តិចម្តងៗ ក៏បានក្លាយទៅជាមជ្ឈមណ្ឌលវប្បធម៌ ដែលមានព្រះរាជាធំៗ ឬ រណបជាប្រមុខប្រកបដោយបច្ចេកវិជ្ជា និងវប្បធម៌ខ្ពស់ ដោយមានលិទ្ធព្រហ្មញ្ញសាសនាដែលជួន កាលគួបផ្សំនឹងលទ្ធិព្រះពុទ្ធសាសនាជាមូលដ្ឋានគ្រឹះ ឬ សសរទ្រូង ។
លោកបណ្ឌិតមីសែសត្រាណេ បានបញ្ជាក់បន្ថែមទៀតថា : តាមរយៈការអភិវឌ្ឍន៍នេះគេឃើញមានការលេចធ្លោឡើង នូវទីក្រុង ឬ បុរីជាច្រើនដែលឈ្មោះ ជាភាសាសំស្ក្រឹតហៅថា បុរៈ ឬ បុរី ។ ដូចជាអង្គរបុរី , ស្រេដ្ឋបុរៈ, លិង្គបុរៈក្នុងចក្រភពខ្មែរ ដែលជាលទ្ធផលនៃការប្រែប្រួល ឬ អភិវឌ្ឍន៍នៃសង្គមនាសម័យបុរាណ ។
នេះជាភស្តុតាង ឬ ស្លាកស្នាមជាក់ស្តែងយ៉ាងសំខាន់ផ្នែកប្រវត្តិសាស្ត្រ ដែលបង្ហាញនូវលក្ខណៈសង្គមខ្មែរនាដើមសម័យប្រវត្តិសាស្ត្រពីកុលសម្ព័ន្ធ ឬ សហគមន៍មនុស្សដែលជាស្រុកភូមិទៅជាបុរី ឬ រដ្ឋ ។ គឺក្នុងសម័យប្រវត្តិសាស្ត្រនេះហើយដែលគេឃើញមានការតាំងឈ្មោះថ្មីនៃទីតាំងចាស់ ឬ លំនៅដ្ឋានចាស់មួយចំនួន ក៏ប៉ុន្តែ ទន្ទឹមនឹងនេះដែរ តំបន់ខ្លះមួយចំនួននៅតែរក្សាឈ្មោះដើមរបស់ខ្លួនដដែល ។ ឧទាហរណ៍ប្រភពឯក សារចិនបានឱ្យដឹងថាឈ្មោះនៃទីក្រុងអង្គរបុរី (នគរ + អង្គរ + បុរី) ដើមឡើយមានឈ្មោះជាសំស្ក្រឹតថា វ្យាធបុរៈ ដែលគឺជាទីក្រុងរបស់អ្នកព្រានព្រៃដែលជាទ្រមាក់ដំរី ។ មូលហេតុដែលអ្នកស្រុកតាំងឈ្មោះនេះ គឺបណ្តាលមកពីអ្នកស្រុកបានជ្រើសរើសទ្រមាក់ដំរីម្នាក់យ៉ាងចំណានឱ្យធ្វើជាស្តេចរបស់ពួកខ្លួន ។
លោកបណ្ឌិតរូបនេះបានបន្តថា : ផ្អែកលើយុទ្ធសាស្ត្រស្ថាបនាជាតិថ្មីនេះដោយយកសាសនាជាត្រីវិស័យ មូលដ្ឋានសម្រាប់ការអភិវឌ្ឍន៍ ហើយក្នុងគោលបំណងផ្សារភ្ជាប់មណ្ឌលវប្បធម៌ជិតឆ្ងាយនៅជនបទទៅនឹង ស្ថាប័នរដ្ឋអំណាចកណ្តាលគឺព្រះរាជធានីសមស្របនឹងនយោបាយបង្រួបបង្រួម ជាតិផង អតីតអ្នកដឹកនាំខ្មែរបានផ្តោតការយក ចិត្តទុកដាក់ចាប់អារម្មណ៍លើវិស័យ សាសនាសន្តិភាព ។ ដូចនេះទាំងព្រះរាជាមន្ត្រី ជាន់ខ្ពស់រមែងតែទៅកាន់ទេវស្ថាននានា ក្នុងប្រទេសទៅកាន់ទីរួមខេត្តជិតឆ្ងាយ ដោយមានវត្តមានរបស់ពួកព្រាហ្មបុរោហិត ។ ពីព្រោះអ្នកដឹកនាំខ្មែរយល់ថា វិស័យសាសនាគឺជាមធ្យោបាយតែមួយគត់ ដើម្បីមិនគ្រាន់តែចងខ្មែរជាបាច់ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បីពង្រឹងពង្រីកអំណាចកណ្តាលដែលមានព្រះមហាក្សត្រជា ប្រមុខហើយបើមណ្ឌលវប្បធម៌នៅតាមខេត្តនានាបានរឹងប៉ឹងកាលណា អំណាចរបបរាជាធិតេយ្យនឹងមានឥទ្ធិពលខ្លាំងក្លាឡើងកាលនោះ ។
លោកបណ្ឌិតបានបញ្ជាក់ថា : មណ្ឌលទាំងនោះគឺជាទីប្រជុំជនយ៉ាងកុះករដែលផ្សារ ភ្ជាប់នឹងព្រះរាជធានីដែលមានព្រះរាជាប្រថាប់គង់ ។ ការមូលផ្តុំអំណាចរដ្ឋបាលតាម រយៈមណ្ឌលនយោបាយសេដ្ឋកិច្ច និងវប្បធម៌តូចធំទាំងឡាយដែលស្ថិតនៅជុំវិញព្រះរាជធានី បានអនុវត្តដោយពួកអភិជន ដែលជានិច្ចកាលទទួលនូវកិត្តិយសលាភសក្តារៈពីសំណាក់ព្រះមហាក្សត្រ ព្រោះគេជាមន្ត្រីរបស់ព្រះបរមរាជវាំង ដូចជាការដំឡើងកិត្តិយស ឬ ការផ្តល់អំណាចជាដីធ្លីជាដើមសម្រាប់សាងសង់ត្រួតត្រា ឬ ធ្វើស្រែចម្ការ ។
លោកបណ្ឌិតបានបន្តថា : ស្ថានភាពនេះពុំធ្លាប់មានឡើយនាសម័យមុនឥទ្ធិពលឥណ្ឌា ។ ដូចនេះការផ្សព្វផ្សាយអំពីលទ្ធិសាសនាដល់ប្រជានុរាស្ត្រតាមរយៈព្រះមហាក្សត្រ ឬ ពួកអភិជនព្រមទាំងពួកព្រាហ្មណ៍បុរោហិត ឬ ព្រះភិក្ខុសង្ឃ ជាចំណុចនៃការរៀបចំស្រុកទេស ឬ ការគ្រប់គ្រងសង្គមជាតិ ដោយមានវណ្ណៈ ឬ ប្រភេទខុសៗគ្នាក្នុងប្រទេសកម្ពុជា ក៏ប៉ុន្តែពុំមានលក្ខណៈតឹងរ៉ឹងដូចប្រទេសឥណ្ឌាឡើយ ។
លោកបណ្ឌិតមីសែលត្រាណេ បានបញ្ជាក់ថា : ការរៀបចំរចនាសម្ព័ន្ធឱ្យមានអ្នកដឹកនាំមានឋានៈ និងវត្តមានរបស់អ្នកស្រែចម្ការ ដែលមានសេរីភាពនិងអ្នកស៊ីឈ្នួលគេពោល គឺបាវព្រាវដែលរស់នៅជុំវិញទីក្រុងតូចធំខាងលើនេះ ឆ្លុះបញ្ចាំងនូវរបៀបគ្រប់គ្រងចាត់ ចែងសង្គមជាតិ នាសម័យបុរាណយ៉ាងពិតប្រាកដតាមឋានានុក្រម ។ រីឯអំណាចរបស់ព្រះមហាក្សត្រក៏ដូច្នោះដែរ ពោលគឺមិនអាចផ្តាច់ចេញពីស្ថាប័នរដ្ឋបាលឡើយ ពីព្រោះព្រះអង្គស្ថិតនៅលើកំពូលនៃរចនាសម្ព័ន្ធ ។
៙ អាណាចក្រនគរភ្នំ
ការបានដឹងប្រវត្តិសាស្ត្រនគរភ្នំគឺ តាមរយៈប្រភពឯកសារពីរប្រភេទ ៖ កំណត់ហេតុចិន និងបុរាណវត្ថុដែលបានផលិតឡើងដោយបុព្វបុរសដូចជា គ្រឿងអង្ការ ទេវរូប ព្រះពុទ្ធរូប សិលាចារឹក...។ល ។
សូមបញ្ជាក់ថា អាណាចក្រភ្នំគឺជាអាណាចក្រដែលសំខាន់បំផុត នៃអាស៊ីភាគអាគ្នេយ៍តាំងតែអំឡុងសតវត្សរ៍ទី១ នៃគ្រិស្តសករាជ ។អាណាចក្រភ្នំ ហៅតាមភាសាចិនថា ហ្វូណន ។ ភាសាខ្មែរបុរាណ " វ្នំ " ដែលបច្ចុប្បន្នពាក្យនេះ ក្លាយជាភ្នំ ។នាសម័យបុរាណ ចិនតាំងឈ្មោះប្រទេសខ្មែរតាមរយៈភ្នំ នៃព្រះអាណាចក្រខ្មែរនេះហើយ ព្រះ មហាក្សត្រនៃនគរភ្នំមានព្រះនាមថា បុព្វភូបាល ឫសាលរាជ ។
តាមរយៈការស្រាវជ្រាវថ្មីៗ ដោយអ្នកបុរាណវិទ្យាលោកបណ្ឌិតមីសែលត្រាណេបាន ឲ្យដឹងថា អាណាចក្រភ្នំជារដ្ឋដែលមានព្រះរាជធានីជាច្រើន ដែលក្នុងនោះមានជាអាទិ៍វ្យាធរៈ ឫអង្គរបុរី និងទីក្រុងអ៊ូថង នៅស្រុកថៃសព្វថ្ងៃ ។
រាជធានីអង្គរបុរីស្ថិតនៅក្បែរដងទន្លេមេគង្គ ផ្នែកខាងក្រោម ឫទីទំនាបមាត់ទន្លេមេគង្គ ដែលក្នុងនោះមានកម្ពង់ផែអន្តរជាតិអូរកែវ នៅកម្ពុជាក្រោមបច្ចុប្បន្នជាសរសៃឈាមសេដ្ឋកិច្ច ក៏ប៉ុន្តែនៅសម័យរុងរឿង បរិវេណនៃព្រះរាជនគរខ្មែរដំបូងបង្អស់នេះ ក៏បានលាតសន្ធឹងទៅដល់តំបន់ភាគខាងត្បូង នៃដងទន្លេមេគង្គកណ្តាលរហូតដល់ផ្នែកធំ នៃទន្លេចៅប្រាយ៉ា និងជ្រោយម៉ាឡាយូបច្ចុប្បន្ន ។ នេះបើយើងសំអាងទៅលើវត្ថុបុរាណ និងបុរាណដ្ឋានជាច្រើនដែលគេបានរកឃើញ ។ ការសន្និដ្ឋាននេះត្រូវពឹងផ្អែកទៅលើឯកភាពនៃសំណង់វប្បធម៌នាសម័យនោះ ដែលជាវត្ថុតាងដែលស្ថិតក្រោមឥទ្ធិផលនៃសិល្បៈក្លិង្គអមរាវតី ។
ម្យ៉ាងទៀត គឺភាពស្រដៀងគ្នានៃខឿនវប្បធម៌នេះ ហើយដែលបញ្ជាក់ឱ្យយើងដឹងនូវទំហំនៃអាណាចក្រនគរភ្នំនេះ ដែលបានជះឥទ្ធិពលពីទិសខាងលិចទៅទិសខាងកើតពោលគឺពីដងទន្លេចោប្រាយ៉ាទៅដល់ទន្លេមេគង្គផ្នែក ខាងក្រោមនៃប្រទេសកម្ពុជា ជាពិសេសតំបន់អូរកែវ អង្គរបុរី និងបាភ្នំនៅខេត្តព្រៃវែងបច្ចុប្បន្ន ។
ចំពោះទីតាំងនៃក្រុងអង្គរបុរី ឬ វ្យធបុរៈ (ទីក្រុងនៃព្រានព្រៃ) កំណត់ហេតុនៃរាជវង្សពៀងសរសេរនៅពាក់កណ្តាលពុទ្ធសតវត្សរ៍ទី ១១ បានឲ្យដឹងថា ព្រះរាជនគរនេះតាំងនៅឃ្លាតឆ្ងាយពីសមុទ្រ ៥០០ លី គឺ ២០០ គីឡូម៉ែត្រ ។
រហូតដល់ពេលនេះអ្នកប្រវត្តិសាស្ត្រវិទ្យា បានយល់ឃើញថា ចម្ងាយនេះជាចម្ងាយដែលគេគិតពីសមុទ្រទៅដល់តំបន់ភ្នំ បាភ្នំ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីអង្គរបុរីដែរ ។ ក៏ប៉ុន្តែគ្មានអ្វីដែលថាចម្ងាយនេះមិនមែនជាចម្ងាយរវាងសមុទ្រ និងទីក្រុងអ៊ូថងដែរ ដែលជាអតីតរាជធានីដ៏សំខាន់របស់នគរភ្នំ ដែលសម័យនោះដូចជាអង្គរបុរីមានទំនាក់ទំនងយ៉ាងជិតសិ្នទ្ធជាមួយចិនតាមវិស័យទូត និងពាណិជ្ជកម្មដូចវត្ថុបុរាណចិនដែលគេបានរកឃើញជាសក្ខីភាពស្រាប់ ។
ក្នុងពុទ្ធសតវត្សរ៍ទី ៨ លោកភាំងថែ និងជូ យីង ក៏បានបង្ហាញនូវប្រវត្តិរបស់នគរភ្នំតាមរយៈកំណត់ហេតុផ្សេងៗ និងស័ព្ទទាននុក្រមរបស់ចិនដែលនៅសេសសល់ ។ ថ្វីបើអត្ថបទដើមរបស់ជនជាតិចិនទាំងពីរនាក់បានបាត់បង់ទៅក៏ដោយព្រឹត្តិការណ៍សំខាន់ៗ ដែលអ្នកប្រវត្តិសាស្ត្រវិទូចិនជំនាន់ក្រោយបានដកស្រង់ក៏នៅតែមានតម្លៃជាប្រវត្តិសាស្ត្រខ្មែរ ។
ប្រវត្តិសាស្ត្របានកត់ត្រា "ព្រះមហាក្សត្រដំបូងរបស់អាណាចក្រ នគរភ្នំ ឬ ហ្វូណន ជាជនជាតិឥណ្ឌាទ្រង់មានត្រកូលហ៊ុន ទៀន (Houentien) គឺកោណ្ឌញ ។ លោកម្ចាស់នេះ ទ្រង់យាងពីប្រទេសឥណ្ឌា ឬ តាមរយៈជ្រោយម៉ាឡាយូ ។ ក្រោយពីហ៊ុន ទៀន បានបង្ក្រាបព្រះនាងលីវ យី ដែលជាម្ចាស់ស្រុកព្រះអង្គក៏រៀបអភិសេកជាមួយព្រះនាងទៅ "។
នេះជាការចាប់ផ្តើម នៃសន្តតិវង្សក្នុងអតីតព្រះរាជណាចក្រកម្ពុជាយើង ។ក្នុងករណីនេះហើយដែលវប្បធម៌អារ្យធម៌ឥណ្ឌាដែលមានព្រះព្រហ្មញសាសនា និងព្រះពុទ្ធ សាសនាបានត្រូវជនជាតិខ្មែរទទួលប្រតិបត្តិយ៉ាងឆាប់រហ័សបំផុត ។
គួរកត់សម្គាល់ផងដែរថា : ដំណើរការនៃឥណ្ឌូរូបនីយកម្មនៃនគរភ្នំតាមរយៈរដ្ឋបាលដោយ ហេដ្ឋារចនាសម្ព័ន្ធក្លឹង្គបានធ្វើឲ្យមូលដ្ឋាននយោបាយរបស់ខ្មែរ ដែលយកមេជាធំបានក្លាយទៅជាមហាអំណាចនៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ នេះ ក្នុងអតីតកាល ៕