អ្នកជំនាញ៖ សេដ្ឋកិច្ចកម្ពុជាអាចកើន៤%នៅឆ្នាំ២០១០
Posted by
samangnews.dbs.cambodia
on Wednesday, April 1, 2009
ដោយ សោភ័ណ
2009-04-01
អ្នកសេដ្ឋកិច្ចរបស់ធនាគារ ADB បានអះអាងថា កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជានឹងកើនឡើងរហូត៤%នៅក្នុងឆ្នាំ២០១០។
AFP Photo
កម្មករកាត់ដេរនៅក្នុងរោងចក្រមួយក្នុងទីក្រុងភ្នំពេញ។
អ្នកនាំពាក្យរបស់ធនាគារ ADB ប្រចាំប្រទេសកម្ពុជា លោក ចាន់ ថា មានប្រសាសន៍នៅថ្ងៃទី៣១ មីនា ថា បើតាមការស្រាវជ្រាវរបស់អ្នកសេដ្ឋកិច្ចនៅធនាគារបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានចំនួន៦,៥%នៅក្នុងឆ្នាំ២០០៨ ប៉ុន្តែនៅឆ្នាំ២០០៩ កំណើនសេដ្ឋកិច្ចនៅត្រឹមតែ២,៥%ប៉ុណ្ណោះ។ លោកបន្តថា កំណើនសេដ្ឋកិច្ចវានឹងកើនឡើងវិញនៅឆ្នាំ២០១០។
លោក ចាន់ ថា បានឲ្យដឹងថា ៖ «តាមរបាយការណ៍ដែលគេសិក្សាហ្នឹង គឺការកើនឡើងនេះដោយរដ្ឋាភិបាលមានគោលនយោបាយឆ្លើយតបនៅពេលដែល វិបត្តិសេដ្ឋកិច្ចកើតឡើង។ នៅពេលដែលរដ្ឋាភិបាលគាត់រៀបចំកញ្ចប់ថវិកាសម្រាប់ឆ្នាំ២០០៩ នៅពេលហ្នឹងគឺមុនកម្ពុជាទទួលរងវិបត្តិសេដ្ឋកិច្ចពិភពលោកហ្នឹង។ អ៊ីចឹងឆ្នាំ២០០៩នេះ ទោះបីជាមានគោលនយោបាយឆ្លើយតបមែន ក៏ផលដែលយើងទទួលពីគោលនយោបាយហ្នឹង វាអត់ទាន់បានទទួលផលបានភ្លាមទេ អ៊ីចឹងវាអាចឃើញនៅឆ្នាំ២០១០»។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក សុផល មានប្រសាសន៍ថា ការព្យាករណ៍របស់ធនាគារ ADB អំពីកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជានេះអាចទទួលយកបាន ហើយលោកថានេះក៏ជាការកែតម្រូវតួលេខមួយកាលពីដើមឆ្នាំ ដែលគេប៉ាន់ព្រមានថាមានកំណើនខ្ពស់ជានិច្ចនោះ។
លោក សុផល បានមានប្រសាសន៍ថា ៖ «គ្រាន់តែថាអ្វីដែលគេលើកឡើង ហ្នឹង គឺវាមានលក្ខណៈដូចគ្នានឹងការវិភាគ ការយល់ឃើញរបស់ស្ថាប័នធំៗផ្សេងៗទៀត។ អ៊ីចឹងកត្តាបីដែលធ្វើឲ្យកំណើនសេដ្ឋកិច្ចធ្លាក់ទាបឬក៏ធ្លាក់ចុះ បន្តិច នោះគឺកត្តាថយចុះវិស័យកាត់ដេរសម្លៀកបំពាក់ សំណង់ និងទេសចរណ៍»។
បើតាមអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ អ្នកស្រី ជា វណ្ណាត មានប្រសាសន៍ថា របាយការណ៍របស់ ADB ប្រហាក់ប្រហែលគ្នានឹងរបាយការណ៍របស់អន្តរជាតិមួយទៀត។
អ្នកស្រី ជា វណ្ណាត បានបញ្ជាក់ថា ៖ «យើងប្រៀបធៀបទៅនឹងរបាយការណ៍ របស់ IMF ដែលគេទស្សន៍ទាយហ្នឹង ខាងរូបិយវត្ថុអន្តរជាតិក៏គេទស្សន៍ទាយថា ក្នុងឆ្នាំ២០០៩ហ្នឹងក៏សេដ្ឋកិច្ចមានការធ្លាក់ចុះដែរ ហើយម្យ៉ាងទៀតទោះជាថាមិនមានការទស្សន៍ទាយទាំងពីរហ្នឹងក្ដីដែល យើងមើលឃើញវិបត្តិសេដ្ឋកិច្ច ដូចថាយើងទទួលផលប៉ះពាល់ពីមហាអំណាចផ្សេងៗមកក៏យើងអាចទទួលស្គាល់ ថាយើងនឹងមានបញ្ហាអន់ថយហ្នឹងដែរ»៕
No comments:
Post a Comment