ទាហានតាមព្រំដែនប្រុងប្រៀបប្រឆាំងនឹងការឈ្លានពានពីសំណាក់ថៃ
Posted by
samangnews.dbs.cambodia
on Wednesday, April 1, 2009
Labels:
ដកស្រងចេញពីRFA
ដោយ ម៉ាយ៉ារិទ្ធិ
2009-04-01
មេ បញ្ជាការកងទ័ពខ្មែរបានឲ្យដឹងថា ទាហានទាំងអស់ដែលប្រចាំការតាមព្រំប្រទល់ខ្មែរថៃនៅតំបន់ព្រះវិហារ បានប្រុងប្រៀបរួចជាស្រេចក្នុងការធ្វើសកម្មភាពប្រឆាំងនឹងការរំលោភ ឈ្លានពានពីសំណាក់ទាហានថៃ។
ទាហានខ្មែរឈរជើងនៅចំណុចព្រលានឥន្ទ្រីក្នុងតំបន់ភ្នំទ្រព្យនៃខែត្រព្រះវិហារ នាថ្ងៃ១៣ តុលា ២០០៨។
ការត្រៀមកម្លាំងប្រុងប្រៀបវាយប្រហារគឺនៅគ្រាដែលមានប្រសាសន៍ពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញដែលបញ្ជាឲ្យធ្វើការវាយប្រហារបើសិនជាទាហានថៃបន្ត ការរំលោភលើអធិបតេយ្យភាពជាតិ។
លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ៖ «អ្ហែងចូលដីគេមិនឲ្យគេវ៉ៃ អ្ហែងចូលមកទៀតវ៉ៃទៀត ប្រាប់ឲ្យហើយ អានេះអ្នកមែន មិនមែនអ្នកលេងទេ»។
ប្រសាសន៍ចេញបញ្ជាគឺនៅក្រោយសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពី ទាហានខ្មែរដែលបង្ហាញថា ទាហានថៃនៅតែបន្តការចូលរំលោភលើអធិបតេយ្យភាពជាតិខ្មែរនៅក្នុង តំបន់ប្រាសាទព្រះវិហារ។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ៖ «ហើយទ័ពនៅទល់ដែនបាន បញ្ជ្រាបបញ្ជារួចហើយ។ ថ្ងៃមុនចូលមកវាលឥន្ទ្រីទៀត ខ្ញុំប្រាប់ ប៉ុល សារឿន ហើយប្រាប់ទៅ យឹម ពឹម ផ្ទាល់ ពឹមឯងស្គាល់កន្លែងហើយឬនៅត្រឹមណាវ៉ៃ អត់មានសួរយោបល់ទេ អាហ្នឹងអ្នកមែនតើ! អានេះនិយាយសារមួយយ៉ាងច្បាស់ជូនត្រឡប់ទៅវិញ។ សុភាពបុរសចិត្តជាអ្នកជាលេង ខ្ញុំនៅចន្លោះទាំងពីរហ្នឹង មិនមែនសុភាពបុរសហើយក៏មិនមែនអ្នកលេង តែគឺអ្នកមែន និងជាមេដឹកនាំកម្ពុជាដ៏ពិតប្រាកដមួយដែលចេញពីឆន្ទៈរបស់រាស្ត្រ មិនមែនប្លន់អំណាចទេ»។
ការចេញបញ្ជានោះទៀតគឺនៅក្រោយដែលមានសេចក្តីរាយការណ៍ចុងក្រោយ មកថា មានទាហានថៃប្រមាណ១០០នាក់កាលពីថ្ងៃទី២៦ ខែមីនា បានចូលមកក្នុងតំបន់វាលឥន្ទ្រីនិងតំបន់សំបុកឃ្មុំក្នុងទឹកដី តំបន់បរិវេណប្រាសាទព្រះវិហារខ្មែរ។
មេបញ្ជាការកងពលធំលេខ៣ លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក ដែលគ្រប់គ្រងកងកម្លាំងទាហានខ្មែរទាំងអស់នៅតំបន់ប្រាសាទព្រះវិហារ បានមានប្រសាសន៍បញ្ជាក់នៅថ្ងៃនេះថា កងកម្លាំងទាហានខ្មែរទាំងអស់បានត្រៀមអនុវត្តតាមបញ្ជាហើយ។
លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានឲ្យដឹងថា ៖ «និយាយរួមគាត់ចេញ បទបញ្ជារួចហើយ យើងមិនទៅរំលោភគេសូម្បីតែ១មីលីម៉ែត្រក៏យើងអត់ទៅ ហើយ១មីលីម៉ែត្រក៏យើងមិនអនុញ្ញាតឲ្យគេមកដែរ...»។
រហូតមកទល់នឹងម៉ោងប្រមាណ៥ល្ងាចថ្ងៃទី១ ខែមេសា លោកឧត្តមសេនីយ៍ទោ ស្រី ឌឹក បានមានប្រសាសន៍ថា ស្ថានការណ៍នៅតាមព្រំប្រទល់មានសភាពស្ងៀមស្ងាត់និងមិនមានសេចក្តី រាយការណ៍អំពីការរំលោភណាមួយទៀតឡើយពីសំណាក់ទាហានថៃ៕
No comments:
Post a Comment