ទាហានថៃព្យាយាមចូលក្នុងដីខ្មែក្បែរច្រកជាំស្រងាំខេត្តឧត្តរមានជ័យ



ដោយ សាវយុត
2009-03-09

កង ​រក្សា​ព្រំដែន​ខ្មែរ​លើ​ខ្នង​ភ្នំ​ដងរែក ច្រក​ជាំ​សាង៉ាំ ស្រុក​អន្លង់​វែង ខេត្ត​ឧត្តរ​មាន​ជ័យ បាន​ឲ្យ​ដឹង​ថា ទាហាន​ឈុត​ខ្មៅ​របស់​ថៃ​មួយ​ក្រុម​ប្រដាប់​ដោយ​អាវុធ​មាន​គ្នា​ប្រមាណ​១០​ នាក់ បាន​ព្យាយាម​ចូល​មក​ធ្វើ​ប៉ុស្តិ៍​ថ្មី​នៅ​ក្នុង​ទឹក​ដី​ខ្មែរ​ជិត​ផ្សារ​ ជាំ​សាង៉ាំ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី៩ ខែ​មីនា។

RFA File Photo/Savyuth

ទាហាន ​ថៃ​ដើរ​ក្បែរ​តំបន់​ក្បែរ​ប្រាសាទ​ព្រះវិហារ​ខ្មែរ​នា​ថ្ងៃ​ទី​១៩ កក្កដា ២០០៨។ នៅ​ថ្ងៃ​ទី​៣ សីហា ២០០៨​នេះ មន្ត្រី​ខ្មែរ​អះអាង​ថា ទាហាន​ថៃ​ចូល​កាន់​កាប់​ប្រាសាទ​ខ្មែរ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

មន្ត្រី​នគរបាល​ព្រំដែន​ប្រចាំ​ច្រក​ជាំសាង៉ាំ​មួយ​រូប​ដែល​សុំ​មិន​ បញ្ចេញ​ឈ្មោះ​បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ថា ក្រុម​ទាហាន​ឈុត​ខ្មៅ​ថៃ​ទាំង​នោះ​បាន​ព្យាយាម​ចូល​មក​ចម្ងាយ​ប្រមាណ​១០០​ ម៉ែត្រ​ក្នុង​ទឹក​ដី​ខ្មែរ​នៅ​កន្លែង​ដែល​អ្នក​ភូមិ​ខ្មែរ​ចាក់​សំរាម តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ហើយ​បាន​ធ្វើ​ប៉ុស្តិ៍​មួយ​អំពី​ឈើ ប៉ុន្តែ​ត្រូវ​កង​រក្សា​ព្រំដែន​ខ្មែរ​រុះរើ​ចោល​និង​ប្រាប់​ឲ្យ​កម្លាំង​ ទាំង​នោះ​ត្រឡប់​ទៅ​វិញ។

មន្ត្រី​នគរបាល​ដដែល​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «ផ្ទះ​ខ្មែរ​យើង​នៅ ​រាល់​ថ្ងៃ។ ពី​ម្សិលមិញ​វា​[ទាហាន​ថៃ]​មក​រក​ធ្វើ​ប៉ុស្តិ៍​ម្ដង​ហើយ ប្រហែល​ជា​ម៉ោង ៥​កន្លះ ឬ ៦ ប៉ុន្តែ​យើង​ហាម​ឃាត់​វា​ទៅ វា​ក៏​ទៅ​វិញ។ ម៉ោង ៦​ព្រឹក​មិញ វា​មក​ធ្វើ​តាំង​ពី​ព្រលឹម​តែ​ម្ដង»។

អនុប្រធាន​ក្រុម​ទំនាក់​ទំនង​ព្រំដែន​កម្ពុជា​-ថៃ​ប្រចាំ​ច្រក​ជាំ​ សាង៉ាំ លោក​វរសេនីយ៍​ទោ តូច រ៉ា បាន​មាន​ប្រសាសន៍​ថា ទាហាន​ថៃ​ទាំង​នោះ​នៅ​ក្នុង​អង្គភាព​កង​រយ​លេខ​២៣០៧ ដែល​មាន​បន្ទាយ​នៅ​ជិត​នោះ។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា ក្រុម​ទាហាន​ថៃ​ទាំង​នោះ​បាន​ចូល​មក​នៅ​ពេល​ដែល​ឃើញ​ប្រជា​ពលរដ្ឋ​ខ្មែរ​យក​ គ្រឿងចក្រ​ទៅ​ឈូសឆាយ​លុប​សំរាម​ដែល​មាន​ក្លិន​ស្អុយ ហើយ​ពួក​គេ​ថា ចូល​មក​ការពារ​ខ្លាច​ក្រែង​ខ្មែរ​សាងសង់​អ្វី​ត្រង់​នោះ ប៉ុន្តែ​ពួកគេ​បាន​ដក​ចេញ​បន្ទាប់​ពី​លោក​បាន​ប្រាប់​ទៅ​មេបញ្ជាការ​របស់​ ពួក​គេ។

លោក​វរ​សេនីយ៍​ទោ តូច រ៉ា មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «វា​[ទាហាន​ថៃ]​ មក​ប្រុង​ធ្វើ​កូន​ខ្ទម ខ្លាច​យើង​សង់​អ្វី​នៅ​កន្លែង​ឈូស​ហ្នឹង។ ក្រោយ​ពី​ទៅ​ជួប​ជាមួយ​មេ​គេ​ទៅ ក៏​បាន​ឲ្យ​ដក​កម្លាំង​ទៅ​វិញ»។

ទោះ​យ៉ាង​ណា មន្ត្រី​ទំនាក់​ទំនង​ព្រំដែន​ថៃ​-កម្ពុជា​ប្រចាំ​ខេត្ត​ស៊ីសាកេត លោក សាវ៉ាង ប្រៈជុម​វង្ស បាន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ពី​ប្រទេស​ថៃ​មក​ថា លោក​ពុំ​ទាន់​បាន​ដឹង​អំពី​បញ្ហា​ដែល​ទាហាន​ថៃ​ព្យាយាម​ចូល​ទៅ​ក្នុង​ទឹក​ដី ​ខ្មែរ​នោះ​ទេ។

ប្រធាន​គណៈកម្មការ​ដោះស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បាន​មាន​ប្រសាសន៍​ថា ថៃ​បាន​ដាក់​ប៉ុស្តិ៍​របស់​ខ្លួន​រួច​ហើយ​នៅ​ច្រក​ជាំ​សាង៉ាំ​នោះ គឺ​ថៃ​មិន​មាន​សិទ្ធិ​ចូល​មក​ដាក់​ប៉ុស្តិ៍​ថ្មី​ទៀត​ទេ ចំណែក​ចំណុច​ព្រំដែន ភាគី​កម្ពុជា​-ថៃ​បាន​កំណត់​ខ្សែ​បែង​ចែក​ទឹក​រួច​រាល់​អស់​ហើយ ដែល​កន្លែង​ណា​ជា​ខ្សែ​បែងចែក​ទឹក​នោះ​ថៃ​បាន​ដឹង​ច្បាស់​ណាស់ ដែល​ថៃ​មិន​មាន​សិទ្ធិ​រំកិល​ចូល​មក​ទៀត​ទេ។

លោក វ៉ា គឹមហុង មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ ៖ «យើង​កំណត់​ខ្សែ​បែង​ចែក ​ទឹក​រួច​អស់​ហើយ​នៅ​កន្លែង​ហ្នឹង បើ​វា​ចង់​ចូល​មក គឺ​យើង​ដាច់​ខាត​មិន​ឲ្យ​ចូល​ទេ វា​អត់​មាន​សិទ្ធិ​ចូល​ទេ បើ​ចូល នោះ​ជា​ការ​រំលោភ​អធិបតេយ្យ​ជាតិ​ខ្មែរ»។

តាម​កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាព​មួយ​ទៀត​របស់​កង​ទាហាន​ថៃ​ដែល​បាន​ចូល​មក​ក្នុង​ដី​ខ្មែរ បន្ទាប់​ពី​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ កន្លង​មក កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែល​បាន​លប​ លួច​ចូល​ក្នុង​ដី​ខ្មែរ​ត្រង់​តំបន់​អតីត​ចម្ការ​ស្វាយ​របស់​តាម៉ុក​ដោយ​មាន ​គ្រាប់​មីន​ប្រភេទ​៦៩​មួយ​គ្រាប់​ជាប់​ខ្លួន​ផង ហើយ​និង​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ កង​រក្សា​ព្រំដែន​ខ្មែរ​បាន​ចាប់​ខ្លួន​បុរស​ជន​ជាតិ​ថៃ​ម្នាក់​ដែរ​ដែល​បាន ​លួច​ចូល​ព្រំដែន​ខ្មែរ​នៅ​តំបន់​ថ្គាម​រមាស​ជិត​អតីត​ជំរំ​ជន​ភៀស​ខ្លួន​ ខ្មែរ​តាទុំ​នៃ​ខេត្ត​ឧត្តរ​មាន​ជ័យ៕

ថៃ​ត្រៀម​កិច្ច​ចរចា​ស្ដីពី​បញ្ហា​ព្រំដែន​សមុទ្រ​ជាមួយ​កម្ពុជា

ដោយ សាន សុវិទ្យ
2009-03-24

យោង ​តាម​កាសែត Bangkok Post នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ការ​បរទេស​ថៃ លោក កាស៊ិត ភីរ៉ុម បាន​ថ្លែង​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ថៃ​កំពុង​រៀបចំ​ធ្វើ​កិច្ច​ចរចា​មួយ​វគ្គ​ថ្មី​ទៀត​ជាមួយ​ កម្ពុជា​នៅ​ខែ​មេសា​ខាង​មុខ​នេះ ដើម្បី​ពិភាក្សា​ដោះស្រាយ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំង​ពីរ។

កិច្ច​ចរចា​នេះ​មិន​ពាក់ព័ន្ធ​នឹង​សន្និសីទ​កំពូល​អាស៊ាន​បូក​៣ និង​បូក​៦ នោះ​ឡើយ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ត្រូវ​គេ​រាយការណ៍​ថា កំពុង​ប្រុងប្រៀប​ផ្ញើ​លិខិត​ទៅ​ភាគី​ថៃ សុំ​ឲ្យ​ដោះស្រាយ​បញ្ហា​ដែន​សមុទ្រ​ឲ្យ​បាន​ឆាប់ៗ​ដើម្បី​កម្ពុជា​អាច​ អភិវឌ្ឍ​ប្រភព​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​នៅ​បាត​សមុទ្រ។

លោក កាស៊ិត ភីរ៉ុម បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ចាំបាច់​ផ្ញើ​លិខិត​នោះ​ទៅ​ខាង​ភាគី​ថៃ​ទេ៕