សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញ​ចុះ​ទៅ​កាន់​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ​

ក្រុម​មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល និង​មេទ័ព​ប្រចាំ​ព្រំដែន​ខេត្ត​ព្រះវិហារ ជាប់​ទល់ដែន​ថៃ បាន​លើកឡើង​ថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ទៅកាន់​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១០ ដើម្បី​ចូលរួម​ជា​អធិបតីភាព ក្នុង​ពិធី​សម្ពោធ​អគារ​សាលាខេត្ត​ ។​
​ ​លោក ទិត សុធា ទីប្រឹក្សា​រាជរដ្ឋាភិបាល និង​ជា​អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​លើកឡើង​ថា នេះ​ជា​ដំណើរ​ទៅកាន់​ខេត្ត​ព្រះវិហារ ជាប់​ព្រំដែន​ថៃ ជា​លើក​ទី​២ របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពី​មាន​ការប្រឈមមុខ​ផ្នែក​យោធា​រវាង​កម្ពុជា និង​ថៃ នៅតាម​តំបន់​ព្រំដែន ពិសេស​នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ​ ។

​ ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ទៅ​កាន់​សមរភូមិ​ជួរមុខ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ កាលពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១០​ ។​
​ ​លោក ទិត សុធា បាន​បន្ថែមថា ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន ទៅកាន់​ខេត្ត​ជាប់​ព្រំដែន​ថៃ​នេះ គឺ​ធ្វើឡើង​នៅក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ ។
​ ​ចំណែក​លោកនាយ​ឧត្តមសេនីយ៍ ផ្កាយ​មាស ៤ ជា តារា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​កម្ពុ​ជា ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​មានប្រសាសន៍ថា នៅ​ពេល​ចូលរួម​សម្ពោធ​អគារ​សាលា​ខេត្តព្រះវិហារ នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១០ សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល ហ៊ុន សែន នឹង​មិន​អញ្ជើញ ចុះទៅ​ពិនិត្យ​ស្ថានភាព នៅ​តំបន់​សមរភូមិ​ជួរមុខ ព្រំដែន​ប្រាសាទ​ព្រះវិហារ ដូច​លើក​មុន​ទេ​ ។​

​ ​លោកនាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស ៤ ជា​តារា បាន​បន្ថែមថា នៅពេលនេះ ស្ថានភាព​នៅ​តំបន់​សមរភូមិ​មុខ តំបន់​ប្រាសាទ​ព្រះវិហារ ជាប់​ព្រំដែន​ថៃ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ល្អ ហើយ​កងទ័ព​កម្ពុជា ដែល​ឈរជើង​នៅ​តំបន់​សមរភូមិ​ជួរមុខ មាន​ទំនាក់ទំនង​ល្អ ជាមួយ​កងទ័ព​ថៃ​ ។
​ ​លោកនាយ​ឧត្តមសេនីយ៍ ជា​តារា បានបញ្ជាក់​ថា កងទ័ព​កម្ពុជា បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន តាម​បទបញ្ជា​របស់​សម្តេច​តេជោ ហ៊ុន សែន នៅពេល​ដែល​ប្រទេស​ថៃ កំពុង​មាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង ដោយ​សម្តេច​មិន​អនុញ្ញាត​ឲ្យ​កងទ័ពក​ម្ពុ​ជា ធ្វើការ​ចល័ត​កងទ័ព​ទេ តែ​កងទ័ព​កម្ពុជា ក៏​ត្រូវ​ការពារ​បូរណភាព​ទឹកដី មិន​ឲ្យ​បាត់បង់ សូម្បីតែ​មួយ​មី​លី​ម៉ែត្រ​ឡើយ​ ។​

​ ​លោកនាយ​ឧត្តមសេនីយ៍ ជា​តារា បាន​បន្ថែមថា វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ហៅ វត្ត​ប្រាសាទព្រះវិហារ ជា​វត្ត​ព្រះពុទ្ធ​សាសនា របស់​កម្ពុជា ដោយ​ព្រះសង្ឃ​ខ្មែរ បាន​គង់នៅ​ក្នុង​វត្ត​នោះ​យូរ​ឆ្នាំ​ហើយ​។ នៅពេលនេះ មិន​មាន​បញ្ហា​អ្វី​ទេ​ ។
​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​១ នៅ​សមរភូមិ​ជួរមុខ ក្នុង​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចុះ​ទៅ​កាន់​មូលដ្ឋាន​កងទ័ព​កម្ពុជា នៅ​សមរភូមិ​មុខ ដើម្បី​ពង្រឹង​ខឿន​ការពារជាតិ និង​អញ្ជើញ​ទៅ​អុជ​ធូប នៅ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ដែល​ជា​វត្ត​ព្រះពុទ្ធ​សាសនា​របស់​ខ្មែរ ព្រមទាំង​អញ្ជើញ​ឡើង​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ ៕​

សម្តេច ហ៊ុន សែន ជឿថា កម្ពុជា​ទទួល​ផល​ពី​ការរីកចំរើន​របស់​វៀតណាម​

សម្តេច​តេជោ ហ៊ុន សែន និយាយថា នៅ​ឆ្នាំ​កន្លង​ទៅ​គំរោង​វិនិយោគ ដែល​ប្រទេស​វៀតណាម​បាន​លើក​ឡើង​មាន​ទំហំ​ទឹកប្រាក់​ជិត ១ ពាន់​លាន​ដុល្លារ​អាមេរិក ហើយ​នៅពេល​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ នឹង​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ជាង ៦ ពាន់​លាន​ដុល្លារ ទៅ ៧ ពាន់​លាន​ដុល្លារ​អាមេរិក ។ រីឯ​ការផ្លាស់ប្តូរ​ពាណិជ្ជ​កម្ម រវាង​ប្រទេស​ទាំង​ពីរ នឹង​មាន​ការកើនឡើង​ថែម​ទៀត​លើសពី ២០០០ លាន​ដុល្លារ​ក្នុង ១ ឆ្នាំ តាមរយៈ​នៃ​ការជំរុញ​ការវិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ ក្នុងនោះ​គឺ​កម្ពុជា​ទទួល​តាមរយៈ​ការរីកចំរើន​នៃ​សេដ្ឋកិច្ច​របស់​វៀតណាម ។​

​ ​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​នេះ​នៅក្នុង​ពិធី​បញ្ចុះ​បឋមសិលា​សាង​សង់​មន្ទីរពេទ្យចឺ​រី ​ភ្នំពេញ ដែល​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៥ ឧសភា​នេះ ។ លោក ជឿ​ង វិញ​ជិង (Truong Vinh Trong) ឧបនាយក​រដ្ឋ​វៀតណាម និង​លោក ឡេ ខា​ភាវ អតីត​អគ្គលេខាធិការ​បក្ស​វៀតណាម បាន​ចូលរួម​នៅក្នុង​ពិធី​នោះដែរ ។

​ សម្តេច​តេជោ​មានជំនឿថា វៀតណាម នឹង​ក្លាយទៅជា​កូន​នាគ​អាស៊ី​នាពេលខាងមុខ ព្រោះ​វៀតណាម មាន​ការរីកចំរើន​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ។ ដូចនេះ​កម្លាំង​ទិញ​របស់​វៀតណាម​កាន់តែ​ខ្លាំង ហើយ​កំរិត​នៃ​ការ​ផ្គត់​ផ្គង​របស់​វៀតណាម ដែល​កម្ពុជា​មាន​តម្រូវការ​ក៏​មាន​កម្លាំង​កាន់តែខ្លាំង ដែល​នឹង​ធ្វើឲ្យ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នេះ​ទ្រទ្រង់​ទៅលើ​ កិច្ចសហប្រតិបត្តិការ ក្នុង​វិស័យ​នយោបាយ និង​វិស័យ​ដ៏ទៃទៀត ៕