អ្នក​ជំនាញ៖ សេដ្ឋកិច្ច​កម្ពុជា​អាច​កើន​៤%​នៅ​ឆ្នាំ​២០១០



ដោយ សោភ័ណ
2009-04-01

អ្នក​សេដ្ឋកិច្ច​របស់​ធនាគារ ADB បាន​អះអាង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នឹង​កើន​ឡើង​រហូត​៤%​នៅ​ក្នុង​ឆ្នាំ​២០១០។

AFP Photo

កម្មករ​កាត់​ដេរ​នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​របស់​ធនាគារ ADB ប្រចាំ​ប្រទេស​កម្ពុជា លោក ចាន់ ថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣១ មីនា ថា បើ​តាម​ការស្រាវជ្រាវ​របស់​អ្នក​សេដ្ឋកិច្ច​នៅ​ធនាគារ​បាន​ឲ្យ​ដឹង​ថា កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​មាន​ចំនួន​៦,៥%​នៅ​ក្នុង​ឆ្នាំ​២០០៨ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៩ កំណើន​សេដ្ឋកិច្ច​នៅ​ត្រឹមតែ​២,៥%​ប៉ុណ្ណោះ។ លោក​បន្ត​ថា កំណើន​សេដ្ឋកិច្ច​វា​នឹង​កើន​ឡើង​វិញ​នៅ​ឆ្នាំ​២០១០។

លោក ចាន់ ថា បាន​ឲ្យ​ដឹង​ថា ៖ «តាម​របាយការណ៍​ដែល​គេ​សិក្សា​ហ្នឹង គឺ​ការកើន​ឡើង​នេះ​ដោយ​រដ្ឋាភិបាល​មាន​គោល​នយោបាយ​ឆ្លើយតប​នៅ​ពេល​ដែល​ វិបត្តិ​សេដ្ឋកិច្ច​កើត​ឡើង។ នៅ​ពេល​ដែល​រដ្ឋាភិបាល​គាត់​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​ឆ្នាំ​២០០៩ នៅ​ពេល​ហ្នឹង​គឺ​មុន​កម្ពុជា​ទទួល​រង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ហ្នឹង។ អ៊ីចឹង​ឆ្នាំ​២០០៩​នេះ ទោះ​បី​ជា​មាន​គោល​នយោបាយ​ឆ្លើយ​តប​មែន ក៏​ផល​ដែល​យើង​ទទួល​ពី​គោល​នយោបាយ​ហ្នឹង វា​អត់​ទាន់​បាន​ទទួល​ផល​បាន​ភ្លាម​ទេ អ៊ីចឹង​វា​អាច​ឃើញ​នៅ​ឆ្នាំ​២០១០»។

ប្រធាន​សមាគម​សេដ្ឋកិច្ច​កម្ពុជា លោក សុផល មាន​ប្រសាសន៍​ថា ការព្យាករណ៍​របស់​ធនាគារ ADB អំពី​កំណើន​សេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​នេះ​អាច​ទទួល​យក​បាន ហើយ​លោក​ថា​នេះ​ក៏​ជា​ការកែ​តម្រូវ​តួលេខ​មួយ​កាលពី​ដើម​ឆ្នាំ ដែល​គេ​ប៉ាន់​ព្រមាន​ថា​មាន​កំណើន​ខ្ពស់​ជា​និច្ច​នោះ។

លោក សុផល បាន​មាន​ប្រសាសន៍​ថា ៖ «គ្រាន់តែ​ថា​អ្វី​ដែល​គេ​លើក​ឡើង​ ហ្នឹង គឺ​វា​មាន​លក្ខណៈ​ដូច​គ្នា​នឹង​ការវិភាគ ការយល់​ឃើញ​របស់​ស្ថាប័ន​ធំៗ​ផ្សេងៗ​ទៀត។ អ៊ីចឹង​កត្តា​បី​ដែល​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​ធ្លាក់​ទាប​ឬ​ក៏​ធ្លាក់​ចុះ ​បន្តិច នោះ​គឺ​កត្តា​ថយចុះ​វិស័យ​កាត់ដេរ​សម្លៀក​បំពាក់ សំណង់ និង​ទេសចរណ៍»។

បើ​តាម​អ្នក​វិភាគ​សេដ្ឋកិច្ច​ឯករាជ្យ អ្នកស្រី ជា វណ្ណាត មាន​ប្រសាសន៍​ថា របាយការណ៍​របស់ ADB ប្រហាក់​ប្រហែល​គ្នា​នឹង​របាយការណ៍​របស់​អន្តរជាតិ​មួយ​ទៀត។

អ្នកស្រី ជា វណ្ណាត បាន​បញ្ជាក់​ថា ៖ «យើង​ប្រៀបធៀប​ទៅ​នឹង​របាយការណ៍ ​របស់ IMF ដែល​គេ​ទស្សន៍ទាយ​ហ្នឹង ខាង​រូបិយវត្ថុ​អន្តរជាតិ​ក៏​គេ​ទស្សន៍ទាយ​ថា ក្នុង​ឆ្នាំ​២០០៩​ហ្នឹង​ក៏​សេដ្ឋកិច្ច​មាន​ការធ្លាក់​ចុះ​ដែរ ហើយ​ម្យ៉ាង​ទៀត​ទោះ​ជា​ថា​មិន​មាន​ការទស្សន៍ទាយ​ទាំង​ពីរ​ហ្នឹង​ក្ដី​ដែល​ យើង​មើល​ឃើញ​វិបត្តិ​សេដ្ឋកិច្ច ដូច​ថា​យើង​ទទួល​ផល​ប៉ះពាល់​ពី​មហា​អំណាច​ផ្សេងៗ​មក​ក៏​យើង​អាច​ទទួល​ស្គាល់ ​ថា​យើង​នឹង​មាន​បញ្ហា​អន់​ថយ​ហ្នឹង​ដែរ»៕

ទាហាន​តាម​ព្រំដែន​ប្រុងប្រៀប​ប្រឆាំង​នឹង​ការឈ្លានពាន​ពី​សំណាក់​ថៃ



ដោយ ម៉ាយ៉ារិទ្ធិ
2009-04-01

មេ ​បញ្ជាការ​កងទ័ព​ខ្មែរ​បាន​ឲ្យ​ដឹង​ថា ទាហាន​ទាំងអស់​ដែល​ប្រចាំការ​តាម​ព្រំប្រទល់​ខ្មែរ​ថៃ​នៅ​តំបន់​ព្រះវិហារ​ បាន​ប្រុងប្រៀប​រួច​ជា​ស្រេច​ក្នុង​ការធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ការរំលោភ​ ឈ្លានពាន​ពី​សំណាក់​ទាហាន​ថៃ។
ទាហានខ្មែរ​ឈរ​ជើង​នៅ​ចំណុច​ព្រលាន​ឥន្ទ្រី​ក្នុង​តំបន់​ភ្នំ​ទ្រព្យ​នៃ​ខែត្រ​ព្រះវិហារ នា​ថ្ងៃ​១៣ តុលា ២០០៨។

ការត្រៀម​កម្លាំង​ប្រុងប្រៀប​វាយ​ប្រហារ​គឺ​នៅ​គ្រា​ដែល​មាន​ប្រសាសន៍​ពី ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ម្សិលមិញ​ដែល​បញ្ជា​ឲ្យ​ធ្វើការ​វាយ​ប្រហារ​បើ​សិន​ជា​ទាហាន​ថៃ​បន្ត​ ការរំលោភ​លើ​អធិបតេយ្យភាព​ជាតិ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍​ថា ៖ «អ្ហែង​ចូល​ដី​គេ​មិន​ឲ្យ​គេ​វ៉ៃ អ្ហែង​ចូល​មក​ទៀត​វ៉ៃ​ទៀត ប្រាប់​ឲ្យ​ហើយ អា​នេះ​អ្នក​មែន មិន​មែន​អ្នក​លេង​ទេ»។

ប្រសាសន៍​ចេញ​បញ្ជា​គឺ​នៅ​ក្រោយ​សេចក្តី​រាយការណ៍​ជា​បន្ត​បន្ទាប់​ពី​ ទាហាន​ខ្មែរ​ដែល​បង្ហាញ​ថា ទាហាន​ថៃ​នៅតែ​បន្ត​ការចូល​រំលោភ​លើ​អធិបតេយ្យភាព​ជាតិ​ខ្មែរ​នៅ​ក្នុង​ តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​នាយក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ៖ «ហើយ​ទ័ព​នៅ​ទល់ដែន​បាន​ បញ្ជ្រាប​បញ្ជា​រួច​ហើយ។ ថ្ងៃ​មុន​ចូល​មក​វាល​ឥន្ទ្រី​ទៀត ខ្ញុំ​ប្រាប់ ប៉ុល សារឿន ហើយ​ប្រាប់​ទៅ យឹម ពឹម ផ្ទាល់ ពឹម​ឯង​ស្គាល់​កន្លែង​ហើយ​ឬ​នៅ​ត្រឹម​ណា​វ៉ៃ អត់​មាន​សួរ​យោបល់​ទេ អា​ហ្នឹង​អ្នក​មែន​តើ! អា​នេះ​និយាយ​សារ​មួយ​យ៉ាង​ច្បាស់​ជូន​ត្រឡប់​ទៅ​វិញ។ សុភាព​បុរស​ចិត្ត​ជា​អ្នក​ជា​លេង ខ្ញុំ​នៅ​ចន្លោះ​ទាំង​ពីរ​ហ្នឹង មិន​មែន​សុភាព​បុរស​ហើយ​ក៏​មិន​មែន​អ្នក​លេង តែ​គឺ​អ្នក​មែន និង​ជា​មេ​ដឹកនាំ​កម្ពុជា​ដ៏​ពិត​ប្រាកដ​មួយ​ដែល​ចេញ​ពី​ឆន្ទៈ​របស់​រាស្ត្រ មិន​មែន​ប្លន់​អំណាច​ទេ»។

ការចេញ​បញ្ជា​នោះ​ទៀត​គឺ​នៅ​ក្រោយ​ដែល​មាន​សេចក្តី​រាយការណ៍​ចុង​ក្រោយ​ មក​ថា មាន​ទាហាន​ថៃ​ប្រមាណ​១០០​នាក់​កាលពី​ថ្ងៃ​ទី​២៦ ខែ​មីនា បាន​ចូល​មក​ក្នុង​តំបន់​វាល​ឥន្ទ្រី​និង​តំបន់​សំបុក​ឃ្មុំ​ក្នុង​ទឹក​ដី​ តំបន់​បរិវេណ​ប្រាសាទ​ព្រះវិហារ​ខ្មែរ។

មេ​បញ្ជាការ​កងពល​ធំ​លេខ​៣ លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក ដែល​គ្រប់គ្រង​កង​កម្លាំង​ទាហាន​ខ្មែរ​ទាំងអស់​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​មាន​ប្រសាសន៍​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា កង​កម្លាំង​ទាហាន​ខ្មែរ​ទាំងអស់​បាន​ត្រៀម​អនុវត្ត​តាម​បញ្ជា​ហើយ។

លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​ឲ្យ​ដឹង​ថា ៖ «និយាយ​រួម​គាត់​ចេញ​ បទបញ្ជា​រួច​ហើយ យើង​មិន​ទៅ​រំលោភ​គេ​សូម្បី​តែ​១​មីលីម៉ែត្រ​ក៏​យើង​អត់​ទៅ ហើយ​១​មីលីម៉ែត្រ​ក៏​យើង​មិន​អនុញ្ញាត​ឲ្យ​គេ​មក​ដែរ...»។

រហូត​មក​ទល់​នឹង​ម៉ោង​ប្រមាណ​៥​ល្ងាច​ថ្ងៃ​ទី​១ ខែ​មេសា លោក​ឧត្តមសេនីយ៍​ទោ ស្រី ឌឹក បាន​មាន​ប្រសាសន៍​ថា ស្ថានការណ៍​នៅ​តាម​ព្រំប្រទល់​មាន​សភាព​ស្ងៀមស្ងាត់​និង​មិន​មាន​សេចក្តី​ រាយការណ៍​អំពី​ការរំលោភ​ណា​មួយ​ទៀត​ឡើយ​ពី​សំណាក់​ទាហាន​ថៃ៕

កម្ពុជា​គ្រោង​អភិវឌ្ឍ​កំពង់ផែ​ទេសចរណ៍​នៅ​ខែត្រ​កែប

ដោយ ឃឹម សារ៉ង
2009-04-01

រដ្ឋមន្ត្រី ​ក្រសួង​ទេសចរណ៍​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា រាជ​រដ្ឋាភិបាល​កំពុងតែ​ស្វែងរក​ការវិនិយោគ​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ​ កំពង់ផែ​ទេសចរណ៍​មួយ​ទៀត​នៅ​មាត់​សមុទ្រ​នៅ​ខេត្ត​កែប​សម្ដៅ​ជំរុញ​ត​ភ្ជាប់ ​ផ្នែក​ទេសចរណ៍​ជាមួយ​នឹង​កោះ​ភូគុក​នៅ​យៀកណាម ហើយ​ដែល​ជា​កោះត្រល់​របស់​ខ្មែរ​ពី​មុន​មក។

លោក​រដ្ឋមន្ត្រី ថោង ខុន បាន​មាន​ប្រសាសន៍​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ផ្សាយ​ពី​ថ្ងៃ​អង្គារ​ ថា លោក​បាន​ទទួល​ភ្លើង​ខៀវ​ពី​រដ្ឋាភិបាល​រួច​ហើយ​ថា​នឹង​អភិវឌ្ឍ​កែប​ឲ្យ​ទៅ​ ជា​កំពង់ផែ​ទេសចរណ៍​ខ្នាត​អន្តរជាតិ​មួយ ហើយ​ថា​បច្ចុប្បន្ន​នេះ​កំពុងតែ​រក​មើល​អ្នក​វិនិយោគ​ប្រកប​ដោយ​លក្ខណៈ​ សម្បត្តិ​ល្អ​ដើម្បី​ស្តារ​ជួសជុល​ផែ​ដែល​ទ្រុឌទ្រោម​នោះ​ឲ្យ​កាន់តែ​ប្រសើរ ​ឡើង ឬ​មួយ​ក៏​សង់​ផែ​ថ្មី​មួយ​នៅ​កែប​ដើម្បី​ត​ភ្ជាប់​ទេសចរណ៍​ខេត្ត​កែប​និង​ កោះ​ភូគុក។

លោក​រដ្ឋមន្ត្រី​បន្ត​ថា ការធ្វើ​ដំណើរ​រវាង​កោះ​ភូគុក​និង​កែប​ត្រូវការ​ពេល​វេលា​ប្រមាណ​៩០​នាទី​ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា មាន​អ្នក​វិនិយោគ​ក្នុង​ស្រុក​ចំនួន​ពីរ​ដែរ​ចាប់​អារម្មណ៍​លើ​គម្រោង​នេះ តែ​ពុំ​ទាន់​មាន​ការសម្រេច​យ៉ាង​ណា​នៅ​ឡើយ​ទេ៕