ក្រុមមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងមេទ័ពប្រចាំព្រំដែនខេត្តព្រះវិហារ ជាប់ទល់ដែនថៃ បានលើកឡើងថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញទៅកាន់ខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ ដើម្បីចូលរួមជាអធិបតីភាព ក្នុងពិធីសម្ពោធអគារសាលាខេត្ត ។
លោក ទិត សុធា ទីប្រឹក្សារាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា នេះជាដំណើរទៅកាន់ខេត្តព្រះវិហារ ជាប់ព្រំដែនថៃ ជាលើកទី២ របស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយពីមានការប្រឈមមុខផ្នែកយោធារវាងកម្ពុជា និងថៃ នៅតាមតំបន់ព្រំដែន ពិសេសនៅព្រំដែនប្រាសាទព្រះវិហារ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចុះទៅកាន់សមរភូមិជួរមុខ តាមបណ្តោយព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១០ ។
លោក ទិត សុធា បានបន្ថែមថា ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ខេត្តជាប់ព្រំដែនថៃនេះ គឺធ្វើឡើងនៅក្នុងទឹកដីប្រទេសកម្ពុជា ។
ចំណែកលោកនាយឧត្តមសេនីយ៍ ផ្កាយមាស ៤ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពកម្ពុជា ប្រចាំទិសប្រាសាទព្រះវិហារ បានមានប្រសាសន៍ថា នៅពេលចូលរួមសម្ពោធអគារសាលាខេត្តព្រះវិហារ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១០ សម្តេចប្រមុខរាជរដ្ឋាភិបាល ហ៊ុន សែន នឹងមិនអញ្ជើញ ចុះទៅពិនិត្យស្ថានភាព នៅតំបន់សមរភូមិជួរមុខ ព្រំដែនប្រាសាទព្រះវិហារ ដូចលើកមុនទេ ។
លោកនាយឧត្តមសេនីយ៍ផ្កាយមាស ៤ ជាតារា បានបន្ថែមថា នៅពេលនេះ ស្ថានភាពនៅតំបន់សមរភូមិមុខ តំបន់ប្រាសាទព្រះវិហារ ជាប់ព្រំដែនថៃ គឺមានសភាពស្ងប់ស្ងាត់ល្អ ហើយកងទ័ពកម្ពុជា ដែលឈរជើងនៅតំបន់សមរភូមិជួរមុខ មានទំនាក់ទំនងល្អ ជាមួយកងទ័ពថៃ ។
លោកនាយឧត្តមសេនីយ៍ ជាតារា បានបញ្ជាក់ថា កងទ័ពកម្ពុជា បានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នៅពេលដែលប្រទេសថៃ កំពុងមានវិបត្តិនយោបាយផ្ទៃក្នុង ដោយសម្តេចមិនអនុញ្ញាតឲ្យកងទ័ពកម្ពុជា ធ្វើការចល័តកងទ័ពទេ តែកងទ័ពកម្ពុជា ក៏ត្រូវការពារបូរណភាពទឹកដី មិនឲ្យបាត់បង់ សូម្បីតែមួយមីលីម៉ែត្រឡើយ ។
លោកនាយឧត្តមសេនីយ៍ ជាតារា បានបន្ថែមថា វត្តកែវសិក្ខាគិរីស្វារៈ ហៅ វត្តប្រាសាទព្រះវិហារ ជាវត្តព្រះពុទ្ធសាសនា របស់កម្ពុជា ដោយព្រះសង្ឃខ្មែរ បានគង់នៅក្នុងវត្តនោះយូរឆ្នាំហើយ។ នៅពេលនេះ មិនមានបញ្ហាអ្វីទេ ។
ក្នុងដំណើរទស្សនកិច្ចលើកទី១ នៅសមរភូមិជួរមុខ ក្នុងតំបន់ព្រំដែនកម្ពុជា-ថៃ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញចុះទៅកាន់មូលដ្ឋានកងទ័ពកម្ពុជា នៅសមរភូមិមុខ ដើម្បីពង្រឹងខឿនការពារជាតិ និងអញ្ជើញទៅអុជធូប នៅវត្តកែវសិក្ខាគិរីស្វារៈ ដែលជាវត្តព្រះពុទ្ធសាសនារបស់ខ្មែរ ព្រមទាំងអញ្ជើញឡើងប្រាសាទព្រះវិហាររបស់កម្ពុជា ៕
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចុះទៅកាន់ខេត្តព្រះវិហារ ជាប់ព្រំដែនថៃ
Posted by
samangnews.dbs.cambodia
on Friday, May 21, 2010