ទាហានថៃព្យាយាមចូលក្នុងដីខ្មែក្បែរច្រកជាំស្រងាំខេត្តឧត្តរមានជ័យ
Posted by
samangnews.dbs.cambodia
on Friday, March 27, 2009
/
Comments: (0)
ដោយ សាវយុត
2009-03-09
កង រក្សាព្រំដែនខ្មែរលើខ្នងភ្នំដងរែក ច្រកជាំសាង៉ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានឲ្យដឹងថា ទាហានឈុតខ្មៅរបស់ថៃមួយក្រុមប្រដាប់ដោយអាវុធមានគ្នាប្រមាណ១០ នាក់ បានព្យាយាមចូលមកធ្វើប៉ុស្តិ៍ថ្មីនៅក្នុងទឹកដីខ្មែរជិតផ្សារ ជាំសាង៉ាំ កាលពីព្រឹកថ្ងៃច័ន្ទ ទី៩ ខែមីនា។
RFA File Photo/Savyuth
ទាហាន ថៃដើរក្បែរតំបន់ក្បែរប្រាសាទព្រះវិហារខ្មែរនាថ្ងៃទី១៩ កក្កដា ២០០៨។ នៅថ្ងៃទី៣ សីហា ២០០៨នេះ មន្ត្រីខ្មែរអះអាងថា ទាហានថៃចូលកាន់កាប់ប្រាសាទខ្មែរនៅក្នុងខេត្តបន្ទាយមានជ័យ។
មន្ត្រីនគរបាលព្រំដែនប្រចាំច្រកជាំសាង៉ាំមួយរូបដែលសុំមិន បញ្ចេញឈ្មោះបានមានប្រសាសន៍កាលពីព្រឹកថ្ងៃច័ន្ទថា ក្រុមទាហានឈុតខ្មៅថៃទាំងនោះបានព្យាយាមចូលមកចម្ងាយប្រមាណ១០០ ម៉ែត្រក្នុងទឹកដីខ្មែរនៅកន្លែងដែលអ្នកភូមិខ្មែរចាក់សំរាម តាំងពីល្ងាចថ្ងៃអាទិត្យ ហើយបានធ្វើប៉ុស្តិ៍មួយអំពីឈើ ប៉ុន្តែត្រូវកងរក្សាព្រំដែនខ្មែររុះរើចោលនិងប្រាប់ឲ្យកម្លាំង ទាំងនោះត្រឡប់ទៅវិញ។
មន្ត្រីនគរបាលដដែលបានថ្លែងយ៉ាងដូច្នេះថា ៖ «ផ្ទះខ្មែរយើងនៅ រាល់ថ្ងៃ។ ពីម្សិលមិញវា[ទាហានថៃ]មករកធ្វើប៉ុស្តិ៍ម្ដងហើយ ប្រហែលជាម៉ោង ៥កន្លះ ឬ ៦ ប៉ុន្តែយើងហាមឃាត់វាទៅ វាក៏ទៅវិញ។ ម៉ោង ៦ព្រឹកមិញ វាមកធ្វើតាំងពីព្រលឹមតែម្ដង»។
អនុប្រធានក្រុមទំនាក់ទំនងព្រំដែនកម្ពុជា-ថៃប្រចាំច្រកជាំ សាង៉ាំ លោកវរសេនីយ៍ទោ តូច រ៉ា បានមានប្រសាសន៍ថា ទាហានថៃទាំងនោះនៅក្នុងអង្គភាពកងរយលេខ២៣០៧ ដែលមានបន្ទាយនៅជិតនោះ។
មន្ត្រីដដែលបានមានប្រសាសន៍ថា ក្រុមទាហានថៃទាំងនោះបានចូលមកនៅពេលដែលឃើញប្រជាពលរដ្ឋខ្មែរយក គ្រឿងចក្រទៅឈូសឆាយលុបសំរាមដែលមានក្លិនស្អុយ ហើយពួកគេថា ចូលមកការពារខ្លាចក្រែងខ្មែរសាងសង់អ្វីត្រង់នោះ ប៉ុន្តែពួកគេបានដកចេញបន្ទាប់ពីលោកបានប្រាប់ទៅមេបញ្ជាការរបស់ ពួកគេ។
លោកវរសេនីយ៍ទោ តូច រ៉ា មានប្រសាសន៍ដូច្នេះថា ៖ «វា[ទាហានថៃ] មកប្រុងធ្វើកូនខ្ទម ខ្លាចយើងសង់អ្វីនៅកន្លែងឈូសហ្នឹង។ ក្រោយពីទៅជួបជាមួយមេគេទៅ ក៏បានឲ្យដកកម្លាំងទៅវិញ»។
ទោះយ៉ាងណា មន្ត្រីទំនាក់ទំនងព្រំដែនថៃ-កម្ពុជាប្រចាំខេត្តស៊ីសាកេត លោក សាវ៉ាង ប្រៈជុមវង្ស បានឆ្លើយតបតាមទូរស័ព្ទពីប្រទេសថៃមកថា លោកពុំទាន់បានដឹងអំពីបញ្ហាដែលទាហានថៃព្យាយាមចូលទៅក្នុងទឹកដី ខ្មែរនោះទេ។
ប្រធានគណៈកម្មការដោះស្រាយបញ្ហាព្រំដែនកម្ពុជា លោក វ៉ា គឹមហុង បានមានប្រសាសន៍ថា ថៃបានដាក់ប៉ុស្តិ៍របស់ខ្លួនរួចហើយនៅច្រកជាំសាង៉ាំនោះ គឺថៃមិនមានសិទ្ធិចូលមកដាក់ប៉ុស្តិ៍ថ្មីទៀតទេ ចំណែកចំណុចព្រំដែន ភាគីកម្ពុជា-ថៃបានកំណត់ខ្សែបែងចែកទឹករួចរាល់អស់ហើយ ដែលកន្លែងណាជាខ្សែបែងចែកទឹកនោះថៃបានដឹងច្បាស់ណាស់ ដែលថៃមិនមានសិទ្ធិរំកិលចូលមកទៀតទេ។
លោក វ៉ា គឹមហុង មានប្រសាសន៍យ៉ាងដូច្នេះ ៖ «យើងកំណត់ខ្សែបែងចែក ទឹករួចអស់ហើយនៅកន្លែងហ្នឹង បើវាចង់ចូលមក គឺយើងដាច់ខាតមិនឲ្យចូលទេ វាអត់មានសិទ្ធិចូលទេ បើចូល នោះជាការរំលោភអធិបតេយ្យជាតិខ្មែរ»។
តាមកងរក្សាព្រំដែនខ្មែរបានឲ្យដឹងថា នេះជាសកម្មភាពមួយទៀតរបស់កងទាហានថៃដែលបានចូលមកក្នុងដីខ្មែរ បន្ទាប់ពីកាលពីថ្ងៃទី២៧ ខែកុម្ភៈ កន្លងមក កងរក្សាព្រំដែនខ្មែរបានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ដែលបានលប លួចចូលក្នុងដីខ្មែរត្រង់តំបន់អតីតចម្ការស្វាយរបស់តាម៉ុកដោយមាន គ្រាប់មីនប្រភេទ៦៩មួយគ្រាប់ជាប់ខ្លួនផង ហើយនិងកាលពីថ្ងៃទី២៦ ខែកុម្ភៈ កងរក្សាព្រំដែនខ្មែរបានចាប់ខ្លួនបុរសជនជាតិថៃម្នាក់ដែរដែលបាន លួចចូលព្រំដែនខ្មែរនៅតំបន់ថ្គាមរមាសជិតអតីតជំរំជនភៀសខ្លួន ខ្មែរតាទុំនៃខេត្តឧត្តរមានជ័យ៕
ថៃត្រៀមកិច្ចចរចាស្ដីពីបញ្ហាព្រំដែនសមុទ្រជាមួយកម្ពុជា
Posted by
samangnews.dbs.cambodia
Labels:
ដកស្រងចេ្ពញពីវិទ្យុអាសីសេរី
/
Comments: (0)
ដោយ សាន សុវិទ្យ
2009-03-24
យោង តាមកាសែត Bangkok Post នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ិត ភីរ៉ុម បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងរៀបចំធ្វើកិច្ចចរចាមួយវគ្គថ្មីទៀតជាមួយ កម្ពុជានៅខែមេសាខាងមុខនេះ ដើម្បីពិភាក្សាដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។
កិច្ចចរចានេះមិនពាក់ព័ន្ធនឹងសន្និសីទកំពូលអាស៊ានបូក៣ និងបូក៦ នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវគេរាយការណ៍ថា កំពុងប្រុងប្រៀបផ្ញើលិខិតទៅភាគីថៃ សុំឲ្យដោះស្រាយបញ្ហាដែនសមុទ្រឲ្យបានឆាប់ៗដើម្បីកម្ពុជាអាច អភិវឌ្ឍប្រភពប្រេងនិងឧស្ម័នធម្មជាតិនៅបាតសមុទ្រ។
លោក កាស៊ិត ភីរ៉ុម បានមានប្រសាសន៍ថា កម្ពុជាមិនចាំបាច់ផ្ញើលិខិតនោះទៅខាងភាគីថៃទេ៕
2009-03-24
យោង តាមកាសែត Bangkok Post នៅថ្ងៃអង្គារនេះ រដ្ឋមន្ត្រីការបរទេសថៃ លោក កាស៊ិត ភីរ៉ុម បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងរៀបចំធ្វើកិច្ចចរចាមួយវគ្គថ្មីទៀតជាមួយ កម្ពុជានៅខែមេសាខាងមុខនេះ ដើម្បីពិភាក្សាដោះស្រាយជម្លោះដែនសមុទ្ររវាងប្រទេសទាំងពីរ។
កិច្ចចរចានេះមិនពាក់ព័ន្ធនឹងសន្និសីទកំពូលអាស៊ានបូក៣ និងបូក៦ នោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រូវគេរាយការណ៍ថា កំពុងប្រុងប្រៀបផ្ញើលិខិតទៅភាគីថៃ សុំឲ្យដោះស្រាយបញ្ហាដែនសមុទ្រឲ្យបានឆាប់ៗដើម្បីកម្ពុជាអាច អភិវឌ្ឍប្រភពប្រេងនិងឧស្ម័នធម្មជាតិនៅបាតសមុទ្រ។
លោក កាស៊ិត ភីរ៉ុម បានមានប្រសាសន៍ថា កម្ពុជាមិនចាំបាច់ផ្ញើលិខិតនោះទៅខាងភាគីថៃទេ៕